សៀវភៅ «នគរខ្មែរ» ទាំងពីរភាគនេះ ជាស្នាដៃដ៏មានតម្លៃ ដែលបានប្រែសម្រួលជាភាសាខ្មែរ ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ពីសៀវភៅដើមដែលបោះពុម្ពជាភាសាបារាំងនៅឆ្នាំ ១៨៨៣ មានចំណងជើងថា «Le Royaume du Cambodge» របស់លោក ហ្សង់ មូរ៉ា អតីតទេសាភិបាលបារាំងប្រចាំកម្ពុជា (១៨៦៨-១៨៧៩) ។
សៀវភៅទាំងពីរភាគនេះ គឺជាប្រភពចំណេះដឹងអំពីប្រវត្តិ និងវប្បធម៌ខ្មែរ ដែលបង្ហាញអំពីអរិយធម៌ដ៏រុងរឿង និងភាពរួមរស់របស់ជនជាតិនានានៅក្នុងសង្គមខែ្មរនាចុងសតវត្សទី១៩។ ភាគទី ១ ចងក្រងអំពីព្រះមហាក្សត្រ ជីវភាពប្រជារាស្ត្រ និងការរស់នៅក្នុងសម័យអាណាព្យាបាលបារាំងនាពេលនោះ។ បន្ថែមពីនេះ ភាគនេះក៏បានបង្ហាញពីទំនៀមទម្លាប់ដែលផ្នែកខ្លះនៅតែអាចរក្សាបានមកទល់សព្វថ្ងៃ។ ភាគទី ២ជាកំណត់ត្រាអំពីការរីកចម្រើននៃវប្បធម៌ និងសិល្បៈនៃប្រជាជនខ្មែរ និងជនជាតិនានា ដែលបានរស់នៅក្នុងសង្គមកម្ពុជានាសម័យនោះ។ ការចងក្រងសៀវភៅនេះឡើងក៏បានបន្ថែមការស្រាវជ្រាវថ្មីៗ ដើម្បីផ្តល់ព័ត៌មានបន្ថែមអំពីប្រវត្តិ និងទំនៀមទម្លាប់ខ្មែរនៅសតវត្សទី២១នេះផងដែរ។ អ្វីដែលជាក្តីសង្ឃឹមនោះ គឺសៀវភៅនេះនឹងជួយការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិនាសម័យអាណានិគមបារាំងឲ្យកាន់តែទូលំទូលាយ និងជាកេរតំណែលដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។









